ក្រសួងសាធារណការបើក យុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកយុទ្ធនាការពាក់មួកសុវត្ថិភាពដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តបាត់ដំបងក្រោមវត្តមានលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅចំណុចទីលានមុខសាលាខេត្ត និងបំពាក់មួកសុវត្ថិភាពជូនយុវជនមួយចំនួន រួចដង្ហែក្បួនយុទ្ធនាការជុំវិញក្រុងផងដែរ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំង យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងប្រជាពលរដ្ឋចូលរួមផងដែរ។

លោក ងួន រតនៈ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្រ្តីមន្ទីរជំនាញដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ហើយមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធបានល្អ។ ទន្ទឹមនោះលោកអភិបាលខេត្តបានធ្វើការផ្តាំផ្ញើដល់ប្អូនៗយុវជន និងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ថា  យើងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំដើម្បីបញ្ជៀស និងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នាចំពោះអ្នកជិះម៉ូតូ និងបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ មិនត្រូវផឹកគ្រឿងស្រវឹងនៅពេលបើកបរឡើយ។