វៀតណាមកំពុងប្រឈមនឹងកម្តៅព្រះអាទិត្យ ដែលអាចបង្កជំងឺមហារីកស្បែក

វៀតណាម ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា សន្ទស្សន៍កម្មរស្មីអ៊ុលត្រាវីយូឡេ (UV) ពីព្រះអាទិត្យនៅទីក្រុងហូជីមិញបានឡើងដល់កម្រិតគ្រោះថ្នាក់បំផុតនៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ ជាហេតុនាំឲ្យក្រុមអ្នកជំនាញព្រមានអំពីការកើតជំងឺមហារីកស្បែក។ នេះបើយោងតាមសារព័ត៌មាន VN Express។

បើតាមការវាស់ស្ទង់អន្តរជាតិនោះ កម្រិតអ៊ុលត្រាវីយូឡេពី ០-៣ ត្រូវគេចាត់ទុកថាទាប និងលើ១១ ត្រូវចាត់ទុកថាខ្លាំង និងវាអាចធ្វើឲ្យរលាកស្បែក ក៏ដូចជាខូចភ្នែក បើមានកម្រិត២០ទៅ៣០។ ដោយឡែកទិន្នន័យមកពីក្រុមហ៊ុន វេដឌើ អនឡាញ (Weather Online) ជាសេវាឧតុនិយមដែលមានមូលដ្ឋាននៅអង់គ្លេស បានបង្ហាញថា សន្ទស្សន៍ UVនេះបានឡើងដល់កម្រិតគ្រោះថ្នាក់ត្រឹម១១ នៅរសៀលថ្ងៃអង្គារ៍ និងនៅថ្ងៃពុធនេះ ហើយរំពឹងថា អាចនឹងឡើងដល់កម្រិត១២។ នេះជាកម្រិតដែលមនុស្ស ជាពិសេសកុមារ និងទារកអាចខូចភ្នែក ក្តៅហួស និងខ្សោះជាតិទឹក ក្រោយស្ថិតក្រោមកំដៅថ្ងៃខ្លាំងពេក។

វេជ្ជបណ្ឌិត Trinh Ngo Binh អ្នកឯកទេសខាងសើស្បែកនៅក្នុងទីក្រុងបានព្រមានថាកម្រិតកាំរស្មី UV ខ្ពស់អាចបង្កើនល្បឿននៃការចាស់ និងផ្តល់នូវគ្រោះថ្នាក់ដល់សុខភាពជាច្រើនដូចជាជំងឺមហារីកស្បែកជាដើម។ ទន្ទឹមនោះលោកក៏បានណែនាំមនុស្សឱ្យចៀសវាងពន្លឺព្រះអាទិត្យដោយផ្ទាល់ចន្លោះពីម៉ោង១០ព្រឹកដល់ម៉ោង៣រសៀល។ ហើយត្រូវពាក់វ៉ែនតា និងមួកខាត់ម្ខាងទៀតក្នុងចំណោមវិធានការផ្សេងទៀតប្រសិនបើពួកគេត្រូវចេញទៅក្រៅក្រោមពន្លឺព្រះអាទិត្យ។