
បែកធ្លាយថាមន្ត្រីការិយាល័យច្រកចេញចូលតែមួយ នៅក្នុងសាលាស្រុកខ្សាច់កណ្ដាល បានទារលុយពីប្រជាពលរដ្ឋ លេីសសៀវភៅបន្ទុក ?
កណ្តាល ៖ ថ្មីទៀតហើយអង្គភាព Thumb Post ទើបទទួលបានសេចក្តីរាយការណ៍មកថាមិនមែនជាលើកទីមួយនោះទេ ពលរដ្ឋក្រីក្រ ថៅកែ ឬឈ្មួញគួកជេរដី គឺបានលាន់មាត់ស្ទើគ្រប់ៗគ្នា រឿងការិយាល័យច្រកចេញចូលតែមួយ ចំណុះឲ្យសាលាស្រុកខ្សាច់កណ្ដាល ដែលកំណត់យកលុយពីអ្នកទៅទទួលសេវា ច្រើនទ្វេដង លើសសៀវភៅបន្ទុក មួយគុណជាបី ដោយមូលហេតុថា យកទុកសម្រាប់ជូនមេ។ បើអ្នកឲ្យលុយតិច ផ្អឹបរឿងសិន ផ្អឹបឯកសារ ទុកពិនិត្យរយៈពេលយូរ រួចថា ខ្វះនេះខ្វះនោះ ចាប់ពី១ខែ ដល់បីខែ ទម្រាំដល់តុចៅហ្វាយស្រុក និងមន្ត្រីជំនាញក៏មាន។
ពលរដ្ឋនៅ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់អោយដឹងថា ខ្ញុំហួសចិត្តជាខ្លាំង! ចំពោះមន្ត្រី (ច្រកចេញចូលតែមួយ) នៅសាលាស្រុកខ្សាច់កណ្ដាល ដែលប្រើគ្រប់វិធីសម្រាប់គាបយកលុយ ដូចជា ផ្អឹបឯកសារទុក រយៈពេលយូរ ចាប់ពី១ខែ ដល់បីខែ ទម្រាំដល់តុចៅហ្វាយស្រុក ឬមន្ត្រីជំនាញ។ បើពលរដ្ឋបង់ថ្លៃសេវា រួចហើយក៏ត្រូវបានមន្ត្រីទារលុយបន្ថែមច្រើនលើសលប់ មុននឹងប្រគល់ឯកសារជូនពលរដ្ឋវិញ។
ជាហេតុនាំឲ្យពួកគាត់ ជួបការលំបាកខ្លាំង ខណៈពលរដ្ឋលក់ដីចង់បានលុយភ្លាមៗ ពេលទៅទឿនជូនលុយបន្ថែម។ អ្នកខ្លះបានផុតកុងត្រាជាមួយជាមួយឈ្មួញទិញដី ព្រោះតែឯកសារយូរ។ សូម្បីតែឯកសារ ដែលបានបង់ពន្ធរួច នៅខេត្តក៏ដោយ ពេលយកចូលសាលាស្រុកខ្សាច់កណ្ដាល គឺមន្ត្រីទាំងនោះ ពិនិត្យវែងឆ្ងាយ របៀបពន្យាពេល លើសមន្ត្រីជំនាញទៅទៀត ។
ពលរដ្ឋម្នាក់ទៀតបានបញ្ជាក់ថា នៅច្រកចេញចូលតែមួយ សាលាស្រុកខ្សាច់កណ្ដាល មិនត្រឹមតែផ្អឹបឯកសារទុកយូទេ ពិសេសជាងនោះទៅទៀត គឺទារលុយស្រស់ៗតែម្ដង ថាទុកជូនមេ និងរបបមេ។ ជាក់ស្ដែងដី ទំហំ ១០អា សេវាបង់ចូលរដ្ឋពេលដាក់ឯកសារ ៤០,០០០រៀល លុះពេលឯកសាររួចរាល់ មន្ត្រីនៅច្រកចេញចូលតែមួយ កំណត់យក ១០ម៉ឺនរៀលទៀត ថាទុកជូនមេ។ ជាមួយគ្នានោះ ប្រសិនជាដីលំនៅដ្ឋានដែលតម្លៃសេវារដ្ឋ ១០ម៉ឺនរៀលវិញ គឺមន្ត្រីទារ ២០ម៉ឺនរៀល បន្ថែមទៀត សរុប ៣០ម៉ឺនរៀល ឯណោះ និយាយរួម ដីតូចទារតិច ដីច្រើនទារច្រើន។ បើយើងឲ្យលុយមិនគ្រប់តាមកំណត់ទេ មន្ត្រីមិនព្រមឲ្យឯកសារឡើយ ហើយក៏ចំណាំមុខទៀតផង ។
ដោយឡែកពលរដ្ឋដែលធ្លាប់ទៅ រអ៊ូរទាំ នៅច្រកចេញចូលតែមួយ ថា ឯកសារខ្ញុំយូរម៉្លេះ រាប់ខែហើយ មិនទាន់បាន ស្រាប់តែមន្ត្រីនៅទីនោះ ប្រើសម្ដីគំរោះគំរើយ មកលើពលរដ្ឋវិញ គ្នាឡើងរួញខ្លួន។ ប្រភពដដែលបន្តថា រឿងលុយកំណត់ទារបន្ថែមនោះ គឺពួកគាត់ព្រមឲ្យរហូត និងមិនប្រកែកទេ សំខាន់ឲ្យតែសេវាលឿន។ ប៉ុន្តែផ្ទុយទៅវិញ លុយក៏យកច្រើន រីឯសេវា រឹតតែយឺតយ៉ាវ ធ្វើឲ្យពលរដ្ឋខឹងសម្បារជាខ្លាំង ហើយប្រុងលើកគ្នាមកតវ៉ា នៅសាលាស្រុកទៀតផង។
ឆ្លើយតបនឹងការលើកឡើងខាងលើនេះ លោកស្រី ហេង ចិន្តា ប្រធានការិយាល័យច្រកចេញចូលតែមួយ ស្រុកខ្សាច់កណ្តាល បានបដិសេធសុំមិនអត្ថាធិបាយទើយដោយអ្នកស្រីឆ្លើយយ៉ាងខ្លីថា សួរទៅមេខ្ញុំផ្ទាល់ទៅ គឺលោកអភិបាលស្រុក លោក ប៊ុន ផេង ។ បើទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋទូទាំងស្រុកខ្សាច់កណ្ដាលទទូចស្នើរសូមលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាលមេត្តាពិនិត្យស៊ើបអង្កេត និងចាត់វិធានការ កែទម្លាប់ដ៏អាក្រក់មួយនេះចេញ ដើម្បីអនុវត្តឲ្យបាននូវគោលនយោបាយរបស់រដ្ឋាភិបាល មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរបស់រាស្ត្រនោះទេ ។